ឯកឧត្តម ខូយ រីដា ជំរុញអាជ្ញាធរស្រុកតាលោសែនជ័យ បន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃស្រុកតាលោសែនជ័យ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដោយឈរលើជំហរច្បាប់ជាកត្តាចំបង ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយគុណភាព។

ការជំរុញរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, តំណាងសាលាដំបូងខេត្ត, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣, ក្រុមប្រឹក្សាស្រុក, គណៈអភិបាលស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារ រដ្ឋបាលខេត្ត បានធ្វើសំណើទៅក្រសួងមហាផ្ទៃ ព្រមទាំងបានសម្រេចតែងតាំង លោក ចាន់ វិចិត្រ ពីអភិបាលរង នៃគណៈអភិបាលស្រុកវាលវែង ឱ្យកាន់មុខតំណែងជា អភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ និងលោក ជា សាវី ជានាយករដ្ឋបាលសាលាស្រុក ដើម្បីសម្រួលការផ្ដល់សេវានៅមូលដ្ឋានឱ្យកាន់តែលឿន មានភាពជឿជាក់ និងមានតម្លាភាព។

ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា ស្រុកតាលោសែនជ័យ នៃខេត្តពោធិ៍សាត់ គឺជាស្រុកកូនពៅ ដែលទើបនឹងបង្កើតថ្មី និងជាស្រុកអាទិភាពមួយ ដែលត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍ រួមទាំងហេដ្ឋាចរនាសម្ព័ន្ធនានា ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាល ក៏សូមយកឱកាសនេះ សម្ដែងការអបអរសាទរ សម្រាប់ការខិតខំប្រឹងប្រែងរួមគ្នាបំពេញភារកិច្ច ទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកតាលោសែនជ័យ ធ្វើឱ្យស្រុកមួយនេះ មានការអភិវឌ្ឍ ទទួលបាននូវសមិទ្ធផលជាច្រើន ក្នុងអាណត្តិដឹកនាំរបស់ លោក សំ ណារិទ្ធិ អតីតអភិបាល នៃគណៈអភិបាលស្រុកតាលោសែនជ័យ ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុក ព្រមទាំងមន្ត្រីការិយាល័យចំណុះទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងលះបង់ពេលវេលា កម្លាំងកាយចិត្ត និងស្មារតី ដោយត្រូវអនុវត្តការងារឈរលើជំហរច្បាប់ជាកត្តាចំបង ជាពិសេសធ្វើយ៉ាងណាសហការឱ្យបានស្អិតរមួត ដើម្បីឱ្យការងាររដ្ឋបាលទូទៅ ការងារផ្ដល់សេវាសាធារណៈ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឱ្យដំណើរការបានយ៉ាងល្អប្រសើរ ដើម្បីឆ្លើយតបនូវសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយគុណភាព ដើម្បីឱ្យស្រុកតាលោសែនជ័យ មានការរីកចម្រើនឈានឡើង ព្រមទាំងមានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ អនាម័យ បរិស្ថាន និងគ្មានសំរាម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *