អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់អាជ្ញាធរមានសមត្ថកិច្ច​ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ

(កំពង់ចាម) ​:​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំដល់អាជ្ញាធរឃុំ សង្កាត់ និងមន្រ្តីនគរបាលបុស្តិ៍ ត្រូវគ្រប់គ្រងឱ្យបានមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដើម្បីឈានទៅកសាងសំណុំរឿង បញ្ចូនទៅតុលាការ ដើម្បីកុំឱ្យបង្ករបញ្ហាស្មុគ្រស្មាញនៅក្នុងសហគមន៍​ ថ្លែងបែបនេះ​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ គោលនយោបាយ គោលការណ៍ ផែនការយុទ្ធសាស្រ្តប្រឆាំងគ្រឿងញៀន និងចំណេះដឹងជាមូលដ្ឋាន ស្តីពីបញ្ហាគ្រឿងញៀន ដល់មន្រ្តីរាជការស៊ីវិល និងមន្រ្តីនគរបាលជាតិ នៃក្របខណ្ឌក្រសួងមហាផ្ទៃ នៅរដ្ឋបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥​ ក្រោមវត្តមាន​លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការ នៃគណៈកម្មាធិការសម្របសម្រួលជំរុញអនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់សមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនកិច្ចសហការឱ្យបានកាន់តែជិតស្និត រវាងខេត្តជាប់ព្រុំប្រទល់ ដើម្បីក្ដាប់ភូមិសាស្រ្តងាយស្រួលក្នុងការឈានទៅបង្រ្កាបបទល្មើសបានទាន់ពេលវេលា។​ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការអនុវត្តបទបញ្ជា បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនដែលមានចរិកកាចសាហាវដែលតដៃជាមួយសមត្ថកិច្ច ។​ ត្រូវគ្រប់គ្រង និងតាមដានមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នងករណីជួញដូរគ្រឿងញៀនឱ្យបានជាប់ប្រចាំ ។

ឯកឧត្តមអភិបាលខេត្ត​ បានស្នេីដល់មន្រ្តីអនុវត្តច្បាប់​ ត្រូវសិក្សាស្វែងយល់ពីបទពិសោធន៍នានា និងនីតិវិធីផ្លូវច្បាប់​ ដើម្បីធានាបានក្នុងការបង្រ្កាបបទល្មើស ឬមុខសញ្ញាជនល្មើសដែលភាគច្រើនជាមុខសញ្ញាធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន​ និងមានល្បិចកលខ្ពស់ ។​ ត្រូវមានបទពិសោធន៍គ្រប់គ្រាន​ ដើម្បីទប់ទល់នឹងល្បិចកល​ របស់ឧក្រិដ្ឋជនជួញដូរ ប្រើប្រាស់ ផ្លាស់ប្តូរតាមគ្រប់រូបភាព ដូចជាផ្ញើគ្រឿងញៀន តាមរថយន្តឈ្នួល និងផ្ញើប្រាក់បានមកពីការជួញដូរតាមរយៈសេវាផ្ទេរប្រាក់ឯកជនជាដើម ។ ល ។

ជាមួយគ្នានោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានណែនាំឱ្យបន្តអប់រំ ផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋ​ ក្នុងការចូលរួមផ្តល់ព័ត៌មានអំពីបទល្មើស​ ដើម្បីឈានទៅបង្រ្កាប និងទប់ស្កាត់បទល្មើសគ្រឿងញៀន បានទាន់ពេលវេលា ពិសេសឱ្យប្រជាពលរដ្ឋចេះប្រប្រាស់ប្រព័ន្ធ App No Drug ចំពោះមន្រ្តីរាជការគ្រប់រូប​ ក៏ត្រូវតែមាន App No Drugគ្រប់ៗគ្នាផងដែរ​ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *