ឯកឧត្តម សួន សុម៉ាលីន អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រៃវែង និងខេត្តតៃនិញ ជួបប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមព្រំដែន

ព្រៃវែង ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញគណៈប្រតិភូរដ្ឋបាលខេត្ត  បានអញ្ចើញចូលរួមពិធីសន្និបាតលើកទី១ របស់រដ្ឋបាលខេត្តតៃនិញ និងបន្តកិច្ចប្រជុំពិភាក្សាលើការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម។

កិច្ចប្រជុំនេះធ្វើឡើងរវាងគណៈប្រតិភូខេត្តព្រៃវែង រួមជាមួយខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ជាមួយគណៈប្រតិភូខេត្តតៃនិញ (វៀតណាម) នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីសន្និបាតនេះ គណៈប្រតិភូខេត្តព្រៃវែង បានគូសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងខេត្តទាំងពីរ(ព្រៃវែង-តៃនិញ) ក្នុងការពង្រឹងការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយចីរភាព។

ទន្ទឹមនេះ កិច្ចប្រជុំស្តីពីការពិភាក្សា ការឯកភាពគ្នា និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម គឺជាចំណុចស្នូលនៃដំណើរទស្សនកិច្ចនេះ។ កិច្ចប្រជុំបានផ្តោតសំខាន់លើការពិនិត្យឡើងវិញ នូវវឌ្ឍនភាព ការដោះស្រាយបញ្ហាប្រឈម និងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគនៅតាមតំបន់ព្រំដែន។

កិច្ចប្រជុំនេះបានផ្តល់ឱកាសដ៏សំខាន់សម្រាប់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈ និងឯកភាពលើយន្តការជាក់លាក់ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនទំនិញ និងការវិនិយោគឆ្លងកាត់ព្រំដែន។ គោលបំណងគឺដើម្បីធានាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនដែលបានចុះហត្ថលេខារួចមកហើយ នឹងត្រូវអនុវត្តជាក់ស្តែងនូវវិធានការនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនឱ្យកាន់តែរីកចម្រើន និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នា សម្រាប់ប្រជាជននៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

ក្នុងឱកាសនោះ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ពីគោលនយោបាយការទូត និងមិត្តភាពកាន់តែស៊ីជម្រៅ រវាងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានផ្តល់នូវកាលានុវត្តភាព និងភាពអំណោយផលដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងបណ្តាខេត្តជាប់ព្រំដែន។ កិច្ចសហប្រតិបត្តិការនេះមានទិសដៅបង្កើន និងអភិវឌ្ឍទំនាក់ទំនងផ្លាស់ប្តូរសេដ្ឋកិច្ច សង្គមកិច្ច កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវិស័យដ៏ទៃៗទៀត ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ឯកឧត្តម អភិបាលខេត្ត បន្តថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងថ្នាក់ដឹកនាំ និងប្រជាជននៃខេត្តត្បូងឃ្មុំ និងខេត្តតៃនិញ អស់រយៈពេលជាង ១១ ឆ្នាំមកហើយនេះ ក្នុងភាពជាដៃគូល្អ ជាខេត្តជិតខាងគ្នាល្អ បាននាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន ជាពិសេសក្នុងការជំរុញវិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងអប់រំ ។ លើសពីនេះ កិច្ចការងារសម្របសម្រួលការឆ្លងកាត់ព្រំដែនដោយរលូន បានរួមចំណែកដល់សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍសង្គមដ៏រីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម សួន សុម៉ាលីន ក៏បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តតៃនិញ ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងសំខាន់គឺដើម្បីបន្ត និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងខេត្តតៃនិញ និងខេត្តព្រៃវែង រួមនឹងខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ រីកចម្រើន និងស្ថិតស្ថេរជានិរន្តរ៍ ក្នុងនាមជាខេត្តជាប់ព្រំដែន និងជាមិត្តល្អ ដែលតែងតែជួយគ្នាទៅវិញទៅមក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *