រដ្ឋបាលខេត្តកែប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ

ខេត្តកែប:  នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកែប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់ឆ្នាំទី៣ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា និងប្រជាពលរដ្ឋ សរុបចំនួន ២៦៩ នាក់ ដែលរៀបចំឡើងនៅបរិវេណវត្តព្រៃតាកុយ នៃស្រុកដំណាក់ចង្អើរ។

ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត ក៏ដូចជាឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់អំពីគោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដ៏មានសារៈសំខាន់នេះ គឺដើម្បីលើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តម បញ្ជាក់បន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ពេលនេះ ធ្វើឡើងស្របតាមមាត្រា៩ នៃអនុក្រឹត្យលេខ ២១៦ អនក្រ.បក ទៅតាមក្រុង-ស្រុកក្នុងខេត្តរបស់ខ្លួន ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ដើម្បីក្ដាប់បាននូវបញ្ហាប្រឈម ទុក្ខលំបាក និងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា។

នៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ដ៏មានអត្ថន័យនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្តកែប បានលើកឡើងបន្ថែមទៀតអំពីការខិតខំយកចិត្តទុកដាក់កសាង អភិវឌ្ឍសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រយោជន៍ជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅលើកស្ទួយជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ។

ក្នុងកិច្ចដំណើរការនៃវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទាំងមូល ឯកឧត្តមអធិបតី បានអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលចូលរួម លើកឡើងជាសំណូមពរ និងបញ្ហាប្រឈមនៅមូលដ្ឋានជូនអង្គពិធីបានស្ដាប់ និងរកដំណោះស្រាយជូន។ ជាលទ្ធផល វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទទួលបានសំណូមពរមួយចំនួន ព្រមទាំងត្រូវបានដោះស្រាយភ្លាមៗជូនប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *