សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងផ្តាំផ្ញើដល់យុវជនថា ប្រសិនបើចង់ទទួលបានជោគជ័យក្នុងជីវិត គឺត្រូវខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃ និងកុំបោះបង់។ សម្តេចបានលើកទឹកចិត្តឱ្យយុវជនមើលឃើញពីឱកាសនៃការ «វិនិយោគជីវិត» របស់ខ្លួនតាមរយៈការចូលរួមបំពេញកាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ ក្នុងកងទ័ពដើម្បីបម្រើជាតិមាតុភូមិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ រៀបចំនៅបញ្ជាការដ្ឋានការពារកោះឆ្នេរ ក្នុងខេត្តកំពង់ស្ពឺ។
សម្តេចធិបតីបានបញ្ជាក់ជាអាទិ៍ថា ការរៀនសូត្រនិងការហ្វឹកហ្វឺននៅក្នុងកងទ័ព គឺមិនមែនត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើប្រាស់រយៈពេលយូរគប្បីសមស្រប ដែលនឹងធ្វើឱ្យយុវជនទទួលបានទាំងជំនាញរឹង និងជំនាញទន់។ បន្ថែមលើសពីនេះ ការបំពេញយោធិនកាតព្វកិច្ចនេះ នឹងផ្តល់ជូនយុវជននូវស្ថេរភាពការងារពេញរយៈពេល ២៤ខែ ព្រមទាំងទទួលបានប្រាក់ខែជាប្រចាំពីក្រសួងការពារជាតិ ដែលជាការបោះជំហានដ៏មានអត្ថន័យក្នុងការវិនិយោគលើខ្លួនឯងសម្រាប់អនាគត៕

