ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌចំនួន៣ មានខណ្ឌទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិសែនជ័យ ចុះពិនិត្យមើលប្រឡាយ លូនិងស្ថានីយ៍បូមទឹក ដើម្បីរិះរកគ្រប់វិធីធ្វើយ៉ាងណាអាចរំដោះការលិចលង់នៅតំបន់មុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ខណ្ឌទួលគោក និងចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងខណៈដឹកនាំ មន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលប្រឡាយ និងស្ថានីយ៍បូមទឹកបឹងសាឡាង ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យស្តារប្រឡាយបឹងសាឡាងនិងការសិក្សាដើម្បីបុកស៊ីផាយប្រឡាយបឹងសាឡាងជាមួយនិងការស្ថាបនាផ្លូវអបសងខាងប្រឡាយ ប្រវែង១.០៥៣ម៉ែត្រ ស្ថិតក្នុងមូលដ្ឋាន សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលនេះជាគម្រោងអនុវត្តយូរអង្វែង។
ក្រោយពីបានពិនិត្យប្រឡាយនិងស្ថានីយមបូមទឹកបឹងសាឡាងហើយ ឯកឧត្ដម ឃួង ស្រេង បានបន្តចុះពិនិត្យមើលប្រឡាយនិងស្ថានីយ៍បូមទឹកទួលសំពៅ មហាវិថីឈ្នះ ឈ្នះ និងបានណែនាំឱ្យមន្រ្តីជំនាញពង្រីកស្ថានីយ៍បូមទឹកទួលសំពៅឱ្យបានធំជាងមុន ដើម្បីរំដោះទឹកភាគខាងជើង ជាមួយនឹងការស្តាប្រឡាយទួលសំពៅនេះផងដែរមានប្រវែង៩គីឡូម៉ែត្រក្នុងភូមិសាស្រ្តខណ្ឌសែនសុខរហូតដល់ខណ្ឌព្រែកព្នៅ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ឃួង ស្រេង នូវបានណែនាំឱ្យសិក្សាពីគម្រោងអាទិភាព ដើម្បីដោះស្រាយទឹកលិចនៅមហាវិថីសហព័ន្ធរុស្ស៊ី ពិសេសនៅចំណុចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានពោធិ៍សែនជ័យ ដែលមានទាំងការដាក់លូប្រអប់ខ្នាតធំ ការស្តារប្រឡាយនិងការសិក្សាធ្វើស្ថានីយ៍បូមទឹករ៉ឺលែលដើម្បីដោះស្រាយទឹកលិចមុខអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលរាជធានី បានណែនាំឱ្យអាជ្ញាធរ សង្កាត់ ខណ្ឌ ចុះមកធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ កុំបោះសំរាមចូលលូ និងប្រឡាយ ដែលធ្វើឱ្យស្ទះលូ បង្កជាការលិចលង់ដោយជំនន់ទឹកភ្លៀង៕

