ពិធីផ្សព្វផ្សាយអំពីច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្ត ដើម្បីការពារត្រីមេពូជ និងធានានិរន្តរភាពធនធានជលផល

សៀមរាប: នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ នៅវត្ដកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេតុ្តសៀមរាប បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះផ្សព្វផ្សាយអំពីច្បាប់ និងសេចក្ដីជូនដំណឹង ស្ដីពីរដូវបើកនេសាទតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្ត ដើម្បីការពារត្រីមេពូជ និងធានានិរន្តរភាពធនធានជលផល ដោយមានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធ ខណ្ឌរដ្ឋបាលជលផល មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

លោក អភិបាលរងខេត្ត បានមានប្រសាសន៍ថា ធនធានជលផល គឺជាធនធានធម្មជាតិដ៏មានតម្លៃ និងជាប្រភពស្បៀងអាហារ ប្រាក់ចំណូល និងការងាររបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។ ដូចនេះការប្រើប្រាស់ធនធានជលផលប្រកបដោយការទទួលខុសត្រូវ និងគោរពច្បាប់ គឺជាកត្ដាចាំបាច់ដើម្បីធានាធនធានជលផលនៅតែមានសម្រាប់ប្រើប្រាស់ ហូបចុក និងប្រាក់ចំណូលក្នុងគ្រួសារនាពេលបច្ចុប្បន្ននិងដល់កូនចៅជំនាន់ក្រោយ។ សម្រាប់ការចុះផ្សព្វផ្សាយស្ដីពីច្បាប់ជលផលស្ដីពីរដូវបើកនេសាទគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះជួយឱ្យបងប្អូនប្រជានេសាទយល់ដឹងច្បាស់អំពីសិទ្ធ កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការប្រកបរបរនេសាទរបស់ខ្លួន។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានណែនាំមិនត្រូវប្រើឧបករណ៍នេសាទខុសច្បាប់ ឬវិធីសាស្ត្រដែលបំផ្លាញធនធានជលផល ចូលរួមអនុវត្ត និងគោរពច្បាប់ស្ដីពីជលផល ចូលរួមអភិរក្សកន្លែងមេពូជត្រី និងចូលរួមរាយការណ៍ករណីឃើញបទល្មើសនេសាទកើតមានឡើងទៅកាន់មន្រ្ដីជំនាញ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា ការចូលរួមគោរពច្បាប់របស់បងប្អូនប្រជានេសាទមិនត្រឹមតែការពារផលប្រយោជន៍របស់បងប្អូនទាំងអស់គ្នានោះទេ ក៏ប៉ុន្តែជាការរួមចំណែករក្សាទុកធនធានជលផលដ៏មានតម្លៃ សម្រាប់បន្ដដល់កូនចៅជំនាន់ក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *