(កំពង់ចាម) : មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចំនួន ២ករណី ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកងមាស ។
បើតាមមន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកព្រៃឈរ អាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន និងព្រែកក្របៅ និងសហគមន៍ នេសាទសាមគ្គីឃុំមៀន ដឹកនាំដោយ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយបង្ក្រាបបានចំនួន ០២ករណី និងបំផ្លាញចោលវត្ថុតាងរួមមាន៖
ករណីទី០១ -ឧបករណ៍លូស្បៃមុងចំនួន ០៣មាត់-របាំងស្បៃមុងប្រវែង ១៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ២៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ០៥គីឡូក្រាម នៅចំណុចចុងបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ករណីទី០២-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់-របាំងស្បៃមុងប្រវែង ៤៥០ម៉ែត្រ-បង្គោលចម្រឹងចំនួន ១៧៥ដើម-ចាក់លែងត្រីចម្រុះទម្ងន់ ១៨គីឡូក្រាម នៅចំណុចរណ្តៅខ្សាច់ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕

