(កំពង់ចាម): ទឹកជំនន់ទន្លេមេគង្គ ឆ្នាំ2025 បណ្តាលឲ្យប្រជាពលរដ្ឋមួយមួយចំនួនទទួលរងគ្រោះ ដែលបណ្តាលឲ្យរងផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដោយមើលឃើញពីការលំបាករបស់របស់បងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះទាំងនោះ នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2025 ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះផ្តល់ជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ របស់សម្តេចមាហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន154គ្រួសារ នៅទូទាំងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានពាំនាំ ការផ្តាំផ្ងើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ដែលជានិច្ចកាលសម្តេចតែងតែ គិតគូរ យកចិត្តទុកដាក់ រាល់សុខទុក្ខរបស់ប្រជាពលរដ្ឋជានិច្ច ទីណាមានទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺមានវត្តមាន សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរបស់រាជរដ្ឋា ភិបាល រួមសុខ រួមទុក្ខជាមួយគ្នា គ្រប់វេលា។
ឯកឧត្តមអភិបាលខេត្ត ក៏បានចូលរួមសោកស្តាយ ចំពោះការខូចខាតផលដំណាំស្រូវ ចំការ ដោយសារ ទឹកជំនន់នាពេលកន្លង ធ្វើឲ្យប្រជាពលរដ្ឋប៉ះពាល់ដល់ជីវភាព។ ឯកឧត្តម បានស្នើដល់ប្រជាកសិករ បន្តដំដុះ ស្រូវ ផលដំណាំផ្សេងៗ ឡើងវិញ ក្រោយពេលទឹកស្រក ដើម្បីបង្ក បង្កើន ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងរួមចំណែកជាមួយរដ្ឋាភិបាល បង្កើនសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងឲ្យកាន់តែរីកធំធាត់ឡើងបន្តទៅទៀត។
ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ សុំយកចិត្តទុកដាក់ មើលថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគស្អាត ផឹកស្អាត រស់នៅស្អាត បើសិន មានអាការៈមិនស្រួលខ្លួន ឆាប់រួសរាន់ទៅមណ្ឌលសុខភាព ពិនិត្យសុខភាព ព្យាបាល និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ៕

