អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត

ខេត្តក្រចេះ ៖ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។

ការណែនាំរបស់ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៥ និងលើកទិសដៅការងាបន្ត របស់រដ្ឋបាលខេត្តក្រចេះ នៅសាលប្រជុំកាំពីសាលាខេត្ត នាថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយមានការចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងក្រចេះ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្រុក នាយកទីចាត់ការអង្គភាពទាំង២ ប្រធានការិយាល័យ ចំណុះរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត បានណែនាំដាក់ចេញនូវទិសដៅការងារអាទិភាពសំខាន់ៗ ត្រូវអនុវត្តបន្ទាន់រួមមាន ៖ អាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈតាមមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់បំផុត ផ្តោតលើការបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ, អាជ្ញាធរក្រុងស្រុកត្រូវរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជន ដូចជាការតាំងលក់នៅលើផ្លូវសាធារណៈដែលប៉ះពាល់ដល់ការធ្វើដំណើរ, ត្រូវត្រៀមរៀបចំតាមតំបន់រមណីយដ្ឋាន ដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍នៅរដូវប្រាំងខាងមុខ ដោយពង្រឹងគុណភាពសេវាកម្ម និងអនាម័យ។

លើសពីនេះ ឯកឧត្ដម អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ និងសូមឲ្យបន្តពង្រឹងអភិបាលកិច្ចមូលដ្ឋាន ឲ្យបានរឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយភាពសកម្ម ស្មារតីទទួលខុសត្រូវខ្ពស់ និងតម្លាភាព ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *