ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សំណូមពរដល់សិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មាន ឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ

(ព្រៃវែង) : ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានសំណូមពរដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មាន ឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ក្នុងសង្គម និងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត។

ការសំណូមពររបស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និងចែកលិខិតសរសើរ រង្វាន់ វត្ថុអនុស្សាវរីយ៍ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៤-២០២៥ នៅសាលាវិទ្យាល័យ ហ៊ុនសែន កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

បន្ទាប់ពីបានអាននូវសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តម អភិបាលខេត្ត សូមរម្លឹកបន្តិចថា ក្មួយៗសម័យនេះពិតជាមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមាន សម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់ខ្ពស់ទៅលើ វិស័យអប់រំ និងគ្រប់វិស័យទាំងអស់នៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានគូសបញ្ជាក់ថា «សូមសំណូមពរក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមនិងជាទំពាំងស្នងឬស្សីទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនរុងរឿងជានិច្ចនិរន្តន៍»៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *