ខេត្តកំពង់ចាម ត្រៀមរៀបចំប្រារព្ធពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគុំតន្ត្រីដើម្បីចូលរួមអបអរសាទរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធី តាំងពិព័រណ៍ អុចកាំជ្រួច និងប្រគំដន្រ្តី ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។

តាមប្រសាសន៍របស់លោក ឃន ប្រុស អភិបាលរងខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងថា៖ ដើម្បីចូលរួមអបអរ ថ្ងៃចូលឆ្នាំសកល ២០២៥ ចូល ២០២៦ នាពេលខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រុមហ៊ុន ជីបម៉ុង និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រៀមរៀបចំពិធី មានរយៈពេល ៣ថ្ងៃ ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ នៅមាត់ទន្លេមេគង្គ ក្រុងកំពង់ចាម។

លោក អភិបាលរងខេត្ត បានបន្តថា៖ ការរៀបចំពីធីខាងលើនេះ ដើម្បីបង្កលក្ខណៈឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ​បានមកទស្សនាលេងកម្សាន្ត។ ក្រៅពីនោះក៏មានការរៀបចំកម្មវិធីប្រគុំតន្ត្រី ការតាំងពិព័រណ៍ ផលិតផលខ្មែរ និងអុចកាំជ្រួច ដើម្បីបង្កភាពសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកទស្សនាកម្សាន្ត ផងដែរ។
ជាមួយគ្នានោះដែរ លោក អភិបាលរងខេត្ត ក៍បានស្នើដល់ មន្ទីរអង្គភាព ទាំងអស់ ត្រូវធ្វើការ តុបតែងឲ្យមានសោភ័ណភាព និងរបៀបរៀបរយផងដែរ។

ទន្ទឹមនឹងនោះដែរ លោក អភិអភិបាលរងខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងតុបតែងលម្អឲ្យសោភ័ណភាពស្រសបំព្រង ធ្វើយ៉ាងណាបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋយើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *