ប្រជាពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម

(កំពង់ចាម) :នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានចាត់អោយ ឯកឧត្តម ស្រី សុភ័ក្ត្រ លេខាធិការសាខា រួមជាមួយ អនុសាខាក្រុង បានអញ្ជើញចុះសួរសុខទុក្ខ

និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសាររងគ្រោះ ឈ្មោះ តូវ អិត អាយុ ៦៨ឆ្នាំ រស់នៅជាមួយកូនប្រុសឈ្មោះ លី ហ៊ាង អាយុ៤០ឆ្នាំ ដោយមានសតិមិនគ្រប់ ស្តិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលរងគ្រោះដោយអគ្គីភ័យ មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ឆេះអស់ទាំងស្រុង ។ ហេតុការណ៍នេះ កើតឡើង កាលពីម៉ោង ម៉ោង១១.៤៥នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឯកឧត្តម ស្រី សុភ័ក្ត្រ ក្នុងនាម ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេកជាមួយគ្រួសាររងគ្រោះ ចំពោះឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយ
ខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ គ្មានសល់ ។
ឯកឧត្តមលេខាធិការសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ជាពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយ ទោះបីជា សម្តេចប្រធាន មិនបានអញ្ជើញមកដោយផ្ទាល់ ក៏ សម្តេច លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។
ឯកឧត្តម ស្រី សុភ័ក្ត្រ បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្នជាប្រចាំ អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវពង្រឹងស្មារតីទប់អារម្មណ៍ ខិតខំប្រឹងប្រែងរកស៊ីសន្សំលុយកាក់ បង្កើនចំណូលអាជីវកម្មសារជាថ្មី ដើម្បីជួសជុលស្តារលំនៅដ្ឋានឡើងវិញ ពិសេស យកចិត្តទុកដាក់ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួន ហើយចូលរួមជាមួយសហគមន៍ ដើម្បីពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះ មាន៖ អង្ករ ៥០គក្រ ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រមា ) សម្ភារ ផ្ទះបាយ និង ថវិកាចំនួន ១,០០០,០០០រៀល ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *