(កំពង់ចាម)÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអំពាវនាវដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា សូមអញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ឲ្យបានគ្រប់គ្នា ដើម្បីទុកប្រើប្រាស់ សម្រាប់ពិនិត្យសុខភាព និងព្យាបាលជម្ងឺ។ ការអំពាវនាវនេះ ខណៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញធ្វើបច្ចុប្បន្នភាព ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស ស្ថិតនៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែវិច្ឋិការ ឆ្នាំ២០២៥។
ឯកឧត្តម អភិបាលខេត្ត ក៏ស្នើដល់ក្រុមការងារ ប.ស.ស ធ្វើប័ណ្ណជូនដល់លោកគ្រូ អ្នកគ្រូ នាយកសាលា និងសិស្សានុសិស្សដែលកំពុងសិក្សានៅសាលាអប់រំពិសេសខេត្ត និងមណ្ឌលកុមារកំព្រាខេត្ត ដើម្បីជួយសម្រាលបន្ទុកដល់សាលា និងកាត់ បន្ថយការចំណាយរបស់សាលា និងមជ្ឈមណ្ឌលផងដែរ។
ឯកឧត្តម អភិបាលក៏បានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋគ្រប់រូប ទាំងវិស័យរដ្ឋ ឯកជន សូមអញ្ជើញមកធ្វើ ប័ណ្ណ ប.ស.ស ទាំងអស់គ្នា ព្រោះតែ ការធ្វើប័ណ្ណ ប.ស.ស ជារឿងល្អបំផុត ដោយសារ រាជរដ្ឋាភិបាលបង្កើតឡើងដើម្បីការពារ ចំពោះ ប្រជាពលរដ្ឋរបស់ខ្លួន ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារ ហានិភ័យសង្គមតាមរយៈការផ្ដល់នូវធនធានខាងហរិញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏ការផ្ដល់សេវាកម្មផ្សេងៗ ម្យ៉ាងវិញទៀតការបង្កើតរបបសន្ដិសុខសង្គម បានធានាដល់បុគ្គលដែលត្រូវគាំពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ។
ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានបន្តថា នៅពេលបងប្អូនប្រជាពលរដ្ឋមានហានិភ័យសង្គមនានាកើតឡើង សម្រាប់អ្នកប្រើប័ណ្ណប.ស.ស នៅតែមានប្រាក់ចំណូល ស្របទៅតាមច្បាប់បានកំណត់ ដែលបងប្អូនយើងអាចជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើង។ កត្តានេះ ធ្វើឲ្យប្រទេសអភិវឌ្ឍបានជឿនលឿន ដោយសារ មានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ៕

