(ព្រៃវែង) ៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង, ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខា និងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសាងសង់ និងប្រគល់ផ្ទះ ១ខ្នង ធ្វើអំពីបេតុង ទំហំ(៥ម៉ែតត × ១១ម៉ែត) ជញ្ជាំងថ្ម ដំបូលប្រក់សង្ក័សី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារលោកអនុសេនីយ៍ត្រី គឹម សារី ដែលបម្រើការងារនៅកងពលលេខ៩ ខេត្តព្រះវិហារ និងជាស្វាមីរបស់សពស្ត្រីមានផ្ទៃពោះ ទទួលមរណៈភាព កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិកន្សោមអក ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្រៅពីផ្ទះ១ខ្នងខាងលើ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ក៏បាននាំយកនូវអំណោយជាសម្ភារមួយចំនួន រួមមាន ៖អង្គរ ៥០គ.ក ឃីត ១កញ្ចប់ មីគុយទាវក្រៀម ២កេស ត្រី ខ ២យួរ និងថវិកាចំនួន ៥០០,០០០រៀល។
ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារខាងលើ ឯកឧត្ដម សួន សុម៉ាលីននឹងឧបត្ថម្ភកង់អគ្គីសនី ចំនួន ២គ្រឿងបន្ថែមទៀត ជូនដល់កូនៗរបស់លោក ដើម្បីជាមធ្យោបាយធ្វើដំណើរទៅមកប្រចាំថ្ងៃក្នុងការរៀនសូត្រផងដែរ៕



